ChomNes
acleda-bank

យុទ្ធសាស្ត្រ​របស់​ធនាគារ​​អេស៊ីលីដា ​​​វិវឌ្ឍ​​ខ្លួន​​​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ​មក​ជា​ធនាគារ​ពាណិជ្ជ​​​ធំ​​មួយ​​នៅ​កម្ពុជា

ads by Chomnes
អេស៊ីលីដា ភីអិល​ធី​(Acleda Plc)​ ​ជា​ធនាគារ​ពាណិជ្ជ​ដែល​គ្រប​ដណ្ដប់​នៅ​​ទូទាំង​​ 25ខេត្ត​/​ក្រុង​​នៃ​ប្រទេស​កម្ពុជា​។​​ ​ធនាគារ​នេះ ​​ត្រូវ​បាន​គេ​ស្គាល់​ថា ​​មាន​អតិថិជន​ច្រើន​ជាង​គេ​បើ​​ធៀប​​នឹង​បណ្ដា​ធនាគារ​ពាណិជ្ជ​ផ្សេង​ៗ​ទៀត​។​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ ធ្លាប់​បាន​អះអាង​ថា ​​ការ​ធ្វើ​ការ​ប្រកប​ដោយ​តម្លាភាព​ ការ​ផ្ដល់​​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​និង​ប្រកប​ដោយ​គុណភាព​​​ និង​ ការ​គោរព​ចំពោះ​អតិថិជន ​​​គឺ​ជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​​​​ទាក់​ទាញ​អតិថិជន​របស់​អេស៊ីលីដា​។​

លោក អ៊ិន ចាន់នី​ នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​​ថ្លែង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្ដី​ពី​សហគ្រាស​​សង្គម​នា​​ពេល​​ថ្មី​ៗ​កន្លង​ទៅ​នេះ​​ថា​ ​ធនាគារ​អេស៊ីលីដា​​បាន​វិវឌ្ឍ​​ខ្លួន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្ថិត​ក្រោម​គម្រោង​នៃ​កម្មវិធី​អភិវឌ្ឍន៍​របស់​​​អង្គការ​សហប្រជាជាតិ (UNDP)​ ​និង​អង្គការ​ពល​កម្ម​អន្តរជាតិ (ILO) ​​ដែល​ធ្វើ​ការ​ដើម្បី​ផ្ដល់​ការងារ​​ ​បង្កើន​ប្រាក់​ចំណូល​ទៅ​ឱ្យ​អ្នក​ដែល​មាន​ផល​ប៉ះ​ពាល់​ដោយ​សង្គ្រាម​ ជន​ពិការ​ និង​ទ័ព​រសាយ។

ការ​វិវឌ្ឍន៍​ខ្លួន​​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​ជា​ធនាគារ​ពាណិជ្ជ​​​​​​​​​​​
The Association of Cambodian Local Economic Development Agencies (ACLEDA) ​គឺ​ជា​គម្រោង​មួយ​របស់​​កម្មវិធី​អភិវឌ្ឍន៍​​អង្គការ​សហប្រជាជាតិ(UNDP)​និង​អង្គ​​ការ​ពលកម្ម​អន្តរជាតិ​(ILO)ដែល​បាន​ចាប់​ផ្ដើម​បង្កើត​​នៅ​ក្នុង​ឆ្នាំ​1992​​។ ​​នៅ​​​ឆ្នាំ​1993 ​​គម្រោង​នេះ​បាន​ប្រែ​ក្លាយ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​មួយ​ដែល​មាន​ទិស​ដៅ​បង្កើត​មុខ​របរ​ខ្នាត​តូច​ ​និង​តូច​បំផុត​សម្រាប់​​ជន​ពិការ​ និង​ទ័ព​​រំសាយ​ក្រោយ​ពី​សង្គ្រាម​។​

លោក អ៊ិន ចាន់នី​​មាន​ប្រសាសន៍​ថា ​៖«នៅ​ក្នុង​ឆ្នាំ​1992​ ​វា​គឺ​គ្រាន់​តែ​​​ជា​គម្រោង​ទេ ប៉ុន្តែ​ដ៏​ពេល​យើង​ធ្វើ​ការ​ជា​មួយ​គ្នា​ទៅ​យើង​គិត​ថា​ គម្រោង​តាម​ធម្ម​តា​វា​មាន​​អាណត្តិ​ មួយ​ឆ្នាំ​ ពីរ​ឆ្នាំ​ បី​ឆ្នាំ​អ៊ីចឹង​ យើង​មិន​អាច​កសាង​ អភិវឌ្ឍន៍​អ្វី​មួយ​ដោយ​ពឹង​ផ្អែក​ទៅ​លើក​អាណត្តិ​ បាន​ទេ​ គឺ​យើង​ត្រូវ​គិត​​ពី​និរន្តរភាព​របស់​វា​ ដូច្នេះ​ហើយ ​នៅ​ឆ្នាំ​១៩៩៣​ហ្នឹង​យើង​បាន​បង្កើត​ឱ្យ​ទៅ​អង្គការ​​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​​បាន​ដាក់​ឈ្មោះ​ថា​The Association of Cambodian Local Economic Development Agencies (ACLEDA) ​​»។​

​​​​​​​​​​​នៅ​ក្នុង​ឆ្នាំ​ 1994 ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​​​ បាន​​ទទួល​កិច្ច​សន្យា​គម្រោង​មួយ​ពី​ម្ចាស់​ជំនួយ​ក្នុង​ការ​​បណ្ដុះ​បណ្ដាល​ទៅ​ដល់​ទ័ព​រំសាយ​ ទាហាន​ ឱ្យ​ចេះ​បង្កើត​មុខ​របរ​​ខ្នាត​តូច​និង​តូច​បំផុត​ដែល​អាច​​ចិញ្ចឹម​ជីវិត​​ដោយ​ខ្លួន​ឯង​បាន​។​ ​ប៉ុន្តែ​ដោយ​គិត​ពី​ស្ថិរភាព​​នៃ​ការ​អនុវត្ដ​ការងារ​របស់​ខ្លួន​ នៅ​ក្នុង​ឆ្នាំ​1995​ អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​អង្គការ​មីក្រូ​ហិរញ្ញវត្ថុ(NGO-Micro Finance)។

​លោក​​​អ៊ិន​ ចាន់​នី​​ ថ្លែង​ដូច្នេះ​ថា ​៖«នៅ​ឆ្នាំ​1995 ​​បើ​យើង​នៅ​តែ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពឹង​ផ្អែក​ទៅ​លើក​ម្ចាស់​ជំនួយ​​ នោះ​​យើង​មិន​អាច​អនុវត្ត​កម្មវិធី​របស់​យើង​បាន​ល្អ​ទេ អញ្ចឹង​យើង​រៀប​ចំ​ខ្លួន​យើង​ឱ្យ​ទៅ​ជា​មី​ក្រូ​​ហ្វាយណាន់​ (microfinance) ​យើង​ហៅ​ថា​NGO Microfinance​ដោយ​នៅ​ពេល​នោះ​មិន​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ឡើយ​​ទេ​»។

​នៅ​ឆ្នាំ 1998​ ​អង្គការ​អេស៊ីលីដា ​​​បាន​ឈប់​ទទួល​​មូលនិធិ​ពី​ម្ចាស់​ជំនួយ​ហើយ​នៅ​ឆ្នាំ​ 2000 ​ធនាគារ​​​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯក​ទេស​​ដែល​មាន​ដើម​ទុន ​​៤​លាន​ដុល្លារ​អាមេរិក បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​២០០៣​ បាន​តំឡើង​​ដើម​ទុន​​​​ ​8​លាន​ដុល្លារ​អាមេរិក ​ដើម្បី​ប្រែ​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​។ ​នៅ​ឆ្នាំ​2014 ​​ធនាគារ​​មាន​ដើម​ទុន​ដែល​បាន​ចុះ​បញ្ជី​មាន​ចំនួន​ 225លាន​ដុល្លារ​ អាមេរិក​​​។

​​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​​ឱ្យ​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​​នៅ​កម្ពុជា​
នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​ជា​ធនាគារ​ពាណិជ្ជ​ លោក​​​​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​នេះ ​​មាន​យុទ្ធសាស្ត្រ​៤​យ៉ាង​។​ លោក​ថ្លែង​ដូច្នេះ​ថា​៖«ការ​អភិវឌ្ឍន៍​ស្ថាប័ន​​គឺ​យើង​ផ្ដោត​ទៅ​លើ​ចំណុច​ធំ​ៗ​បួន ចំណុច​ទី​មួយ​នោះ​​គឺ​ពឹង​ផ្អែក​ទៅ​លើ​ និរន្តរភាព​នៃ​​អង្គការ​ចាត់​តាំង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៣​ ​​ឱ្យ​រីក​និង​នៅ​ស្ថិត​ស្ថេរ ​ហើយ​បន្ត​ពង្រីក​តំបន់​ប្រតិបត្តិ​ការ​​​ឱ្យ​គេ​ស្គាល់​​»​។

​​​​​​​​​​យុទ្ធសាស្ត្រ​ទី​ពីរ​របស់​លោក​ផ្ដោត​ទៅ​លើក​អភិវឌ្ឍន៍​និរន្តរភាព​ខាង​ផ្នែក​កម្មវិធី​បណ្ដុះ​បណ្ដាល​។​លោក​មាន​ប្រសាសន៍​ថា​៖«និរន្តរភាព​ខាង​ផ្នែក​កម្មវិធី​នេះ​ដំបូង​ឡើយ​ យើង​មាន​កម្មវិធី​ឥណទាន កម្មវិធី​បណ្ដុះ​បណ្ដាល​សហគ្រិន និង​យើង​មាន​កម្មវិធី​តូច​មួយ​ទៀត​ ខាង​ផ្នែក​វិជ្ជាជីវៈ​កែច្នៃ​ម្ហូប​អាហារ​ ​ប៉ុន្តែ​ក្រោយ​​កម្មវិធី​សហគ្រិន​និង​វិជ្ជាជីវៈ​ម្ហូប​អាហារ​ យើង​បាន​ទំលាក់​ចោល​ ដោយ​ឡែក​កម្មវិធី​បណ្ដុះបណ្ដាល​សហគ្រិន​យើង​មិន​បាន​ទំលាក់​ចោល​ទាំង​ស្រុង​នោះ​ទេ​» ។

​​​​​​​​​​ការ​អភិវឌ្ឍន៍​និរន្តរភាព​ខាង​ផ្នែក​បច្ចេកទេស​ជា​យុទ្ធសាស្ត្រ​ទី​បី​របស់​អេស៊ីលីដា។​ ​រាល់​ការ​សរសេរ​ពី​គោល​ការណ៍​ស្ដី​ពី​ឥណទាន និង​គោល​ការណ៍​ស្ដី​ពី​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ទូទៅ​គឺ​យើង​ធ្វើ​ដោយ​ខ្លួន​ឯង​ ​​ហើយ​មិន​ពឹង​ផ្អែក​ទៅ​លើក​អ្នក​ជា​ជំនាញ​ការ​​ឡើយ​។ ចំណុច​ទី​បួន​ ចុង​ក្រោយ​នោះ ​គឺ​និរន្តរភាព​ខាង​ផ្នែក​ហិរញ្ញវត្ថុ។​ ​លោក​ថ្លែង​ថា​៖«យើង​ធ្វើ​បាន​និរន្តរភាព​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​នៅ​ក្នុង​​ឆ្នាំ​១៩៩៨​​ យើង​បាន​ក្លាយ​ជា​ធនាគារ​មួយ​ដោយ​លែង​ពឹង​ផ្អែក​ទៅ​លើ​ម្ចាស់​ជំនួយ​ »។​​​​​​​​​

បច្ចុប្បន្ន​នេះ ​​ធនាគារ​អេស៊ីលីដា​​បាន​ពង្រីក​តំបន់​ប្រតិបត្តិការ​ទៅ​កាន់​ប្រទេស​ឡាវ ​និង​មីយ៉ាន់ម៉ា​​។​ ដោយ​ឡែក​សម្រាប់​ការ​ប្រតិបត្តិ​ការ​នៅ​ក្នុង​ស្រុក​​ធនាគារ​ នេះ​​មាន​បុគ្គលិក​​សរុប​ 10,783​ នាក់ ​បម្រើ​ការ​នៅ​ 253​ការិយាល័យ​​នៅ 25​ខេត្ត​ក្រុង៕

ចំណេះ

ក្រុម អ្នកស្មគ្រចិត្ត ក្នុងការចែករំលែក អត្ថបទនានា ដែលផ្តល់នូវចំណេះដឹង​ផ្សេងៗ ដល់អ្នកដែល ចង់ស្វែងយល់ចំណេះដឹងនានា

ads by Chomnes

បន្ថែម វាចារ

តាមដានពួកយើង

ជាមួយបណ្តាញសង្គម អ្នកអាចតាមដានយើងបានរហ័សជាងនេះ